​ចម្រៀង​១បទកាល​​ជាង១០ឆ្នាំ​មុន​របស់ Miley Cyrus ​កក្រើក​​ឡើង​វិញ​ក្រោយ​លទ្ធផល​ឆ្នោត​នៅ​អា​មេ​រិ​ក

15

សហរដ្ឋអាមេរិក ៖ បទ​ចម្រៀង​ដែល​ល្បី​ខ្លាំង​កាលពី​ឆ្នាំ ២០០៩ របស់​តារាចម្រៀង Miley Cyrus ដែល​មាន​ចំណងជើង​ថា «Party in the U.S.A.» បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ម្តងទៀត នៅ​លើ​តារាង iTunes និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ក្រោយ​សហរដ្ឋអាមេរិក​រក​ឃើញ​ប្រធានាធិបតី​ថ្មី​។

បទ​ចម្រៀង​របស់​តារាចម្រៀង​ស្រី​វ័យ ២៧​ឆ្នាំ​ខាងលើ បាន​ចាប់ផ្តើម​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ពោល​គឺ​បន្ទាប់​ពី​ការ​ប្រកាស​អំពី​ការ​ឈ្នះ​ឆ្នោត​របស់​លោក Joe Biden លើ​លោក Donald Trump ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៦​។

Advertistment

ដើមចម​ដែល​នាំ​ឱ្យ​បទ​ចាស់​មួយ​នេះ កក្រើក​ឡើង​សារ​ជា​ថ្មី​ម្តងទៀត គឺ​បន្ទាប់​ពី​មាន​គណនី Twitter អ្នកគាំទ្រ​លោក Joe Biden មួយ​បាន​សរសេរ​ឱ្យ​គ្រប់​គ្នា​អបអរសាទរ​ជ័យជម្នះ​នេះ ដោយ​ស្តាប់​បទ​ចម្រៀង «Party in the U.S.A.» របស់ Miley Cyrus ទាំងអស់​គ្នា​។

ត្រឹមតែ​២​ម៉ោង​ក្រោយ​គណនី​ខាងលើ​បាន​បង្ហោះ បទ​ចម្រៀង​មួយ​នេះ បាន​ហក់​ឡើង​ចូល​ក្នុង​តារាង iTunes Top 200 នៅ​សហរដ្ឋអាមេរិក ហើយ​ចម្រៀង​នេះ ក៏​ត្រូវ​បាន​វិទ្យុ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​យក​ទៅ​ចាក់​ផ្សាយ​ផង​ដែរ​។

ជុំវិញ​ជ័យជម្នះ​របស់​លោក Joe Biden និង​លោកស្រី Kamala Harris តារាចម្រៀង Miley Cyrus ក៏​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter របស់​ខ្លួន ដើម្បី​ចែករំលែក​ការ​រំភើប​របស់​នាង ដោយ​បាន​សរសេរ​ថា «​ឥឡូវនេះ គឺជា​ពិធីជប់លៀង​នៅ​សហរដ្ឋអាមេរិក​!»៕ (​ដកស្រង់​ចេញពី​គេហទំព័រ Variety)